ក្រសួងហិរញ្ញវត្ថុជប៉ុន បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរអ្នកដឹកនាំដ៏សំខាន់មួយរូបដោយជំនួសលោក Masato Kanda ជាមួយនឹងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ប្រទេស។ ការសម្រេចចិត្តនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏អាក្រក់នៃការបន្តធ្លាក់ចុះប្រាក់យ៉េនជប៉ុនដែលបានធ្លាក់ ដល់កំរិតទាបបំផុតក្នុងរយៈកាលជាង៣៨ ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក។គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់គឺប្រមាណ ១៦០.៨៨ យ៉េន ក្នុងមួយដុល្លារអាមេរិក ដែលជាការធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុជប៉ុនក្នុងរយៈកាល៣៨ឆ្នាំ។
ខាងក្រោមនេះជាគោលនយោបាយសំខាន់ៗ៖
- គោលនយោបាយរូបិយវត្ថុខុសគ្នា៖ ការធ្លាក់ចុះនៃប្រាក់យ៉េនត្រូវបានជំរុញដោយភាពផ្ទុយគ្នារវាងគោលនយោបាយរូបិយវត្ថុដ៏ធូររលុងបំផុតរបស់ប្រទេសជប៉ុន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រាក់យ៉េនមិនសូវទាក់ទាញដល់អ្នកវិនិយោគ។
- ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច៖ ប្រាក់យ៉េនដែលធ្លាក់ចុះនាំឱ្យមានសម្ពាធអតិផរណា ប៉ះពាល់ដល់ភាពប្រកួតប្រជែងនៃការនាំចេញ និងប៉ះពាល់ដល់សក្ដានុពលនៃការវិនិយោគបរទេសនៅក្នុងប្រទេសជប៉ុន។
- ការផ្លាស់ប្តូរមន្ត្រីការទូតរូបិយប័ណ្ណកំពូល៖ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថា ប្រទេសជប៉ុនបានតែងតាំងលោក Atsushi Mimura ជាអ្នកការទូតរូបិយប័ណ្ណកំពូលថ្មីរបស់ខ្លួនជំនួសលោក Masato Kanda ។ Mimura បច្ចុប្បន្នមានតួនាទីជាអគ្គនាយកនៃការិយាល័យអន្តរជាតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន។ លោក Mimura នឹងមានតួនាទីគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុន ត្រួតពិនិត្យនិងផ្តល់កិច្ចអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ធ្វើជាតំណាងប្រទេសជប៉ុនក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ សម្របសម្រួលជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗលើគោលនយោបាយរូបិយវត្ថុ វិភាគនិន្នាការសេដ្ឋកិច្ចពិភពលោក និងការគ្រប់គ្រងឆ្លើយតបចំពោះវិបត្តិហិរញ្ញវត្ថុ។
ការធ្លាក់ថ្លៃប្រាក់យ៉េនមានផលប៉ះពាល់យ៉ាងសំខាន់មួយចំនួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនរួមមាន៖
- ការកើនឡើងថ្លៃដើមនៃការនាំចូល៖ ប្រាក់យ៉េនខ្សោយបានធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃ ដែលរួមចំណែកធ្វើឱ្យអតិផរណាខ្ពស់នៅក្នុងប្រទេសជប៉ុន។
- ផលប៉ះពាល់អ្នកប្រើប្រាស់៖ ការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មបានវាយបំផ្លាញអំណាចទិញហើយបង្ករផល ប៉ះពាល់ដល់ថវិកាគ្រួសារ។
- ភាពប្រកួតប្រជែងនៃការនាំចេញ៖ ថ្វីត្បិតតែប្រាក់យ៉េនទន់ខ្សោយបានជួយឱ្យជប៉ុនមានកំណើនលើការនាំ ចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែបានបង្ករឱ្យមានភាពតានតឹងសេដ្ឋកិច្ចយ៉ាងខ្លាំង។
តួនាទីរបស់ Atsushi Mimura គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្តារស្ថានភាពនិងពង្រឹងប្រាក់យ៉េន ។ វិធីសាស្រ្តរបស់លោកត្រូវបានគេរំពឹងថានឹងមានការកែប្រែគោលនយោបាយរូបិយវត្ថុ ហើយនិងការធ្វើអន្តរាគមន៍ទីផ្សារដើម្បីធ្វើឱ្យរូបិយប័ណ្ណនេះមានស្ថេរភាព។ សហគមន៍ហិរញ្ញវត្ថុនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់លោក Mimura ដើម្បីនឹងវាយតម្លៃពីប្រសិទ្ធភាពនៃគោលនយោបាយស្តាររូបិយយប័ណ្ណយ៉េន។
ការផ្លាស់ប្តូរ អ្នកដឹកនាំក្នុងពេលវេលាដ៏ស្មុគស្មាញនេះបានឆ្លុះបញ្ចាំងពីការឆ្លើយតបជាបន្ទាន់របស់ប្រទេសជប៉ុនចំពោះវិបត្តិរូបិយប័ណ្ណរបស់ខ្លួន ដែលជាកត្តាចំបាច់ក្នុងការធ្វើឱ្យមាន ស្ថិរភាពប្រាក់យ៉េន បង្កើតទំនុកចិត្តនិងស្តារសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះគឺជាពេលវេលាដ៏សំខាន់បំផុតរបស់ លោក Mimura ក្នុងការធ្វើឱ្យគេឃើញថា តើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់លោកនឹងទទួលបានជោគជ័យដែរឬទេ៕