ក្រុមអ្នកវិនិយោគ និយាយថា លោកដូណាល់ ត្រាំ នឹងឈ្នះសេតវិមាន ជំនួញទីផ្សារក៏ល្អ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត

ក្រុមអ្នកវិនិយោគបាននិយាយកាលពីថ្ងៃអាទិត្យថា ការបាញ់ប្រហារកាលពីរាត្រីថ្ងៃសៅរ៍ ក្នុងពេលជួបជុំឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ(Donald Trump) បង្កើនឱកាសរបស់គាត់ក្នុងការឈ្នះការបោះឆ្នោត ដើម្បីគ្រប់គ្រងសេតវិមានមកវិញ ហើយ ទីផ្សារ ក៏ល្អ នឹងកើនឡើងក្នុងសប្តាហ៍ខាងមុខនេះ។

លោក Trump ដែលជាបេក្ខជនបក្សសាធារណរដ្ឋ ត្រូវបានគេបាញ់ធ្លុះស្លឹកត្រចៀកផ្នែកខាងលើ ក្នុងអំឡុងពេលជួបជុំឃោសនានៅរដ្ឋ ផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍ ដែលក្រុមអាជ្ញាធរ ចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត។ លោក Trump ដែលមុខរបស់គាត់ប្រឡាក់ទៅដោយឈាម ក្តាប់កណ្តាប់ដៃរបស់គាត់ពេលលោកព្យាយាមក្រោកឈរ បន្ទាប់ពីការវាយប្រហារនោះ ហើយផ្នែកយុទ្ធនាការឃោសនារបស់គាត់ បាននិយាយថា គាត់មិនអីទេបន្ទាប់ពីឧបទ្ទវហេតុនេះ។ អ្នកឈរនៅជិតម្នាក់ បានស្លាប់ភ្លាមៗ ចំណែកឯ២នាក់ទៀត រងរបួសធ្ងន់។ ជនដៃដល់ ដែលក្រុម FBI បញ្ជាក់ថា ឈ្មោះ Thomas Matthew Crooks អាយុ​២០ឆ្នាំ ត្រូវបានសមត្ថកិច្ច បាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។

លោក Rong Ren Goh អ្នកគ្រប់គ្រងផលប័ត្រនៅក្នុងក្រុមចំណូលថេរ នៃក្រុមហ៊ុនមូលប័ត្រ Eastspring Investments ក្នុងប្រទេសសិង្ហបុរី បាននិយាយថា មុនពេលការបាញ់ប្រហារនេះ ទីផ្សារបានប្រតិកម្មទៅនឹងការរំពឹងទុក នៃ ប្រធានាធិបតីភាពរបស់លោក Trump រួចទៅហើយ ដោយរុញឱ្យប្រាក់ដុល្លារឡើងខ្ពស់ និងកំណត់ទីតាំងសម្រាប់ខ្សែកោងផលចំណេញរតនាគារអាមេរិក ហើយការជួញដូរទាំងនោះ នឹងកាន់តែរឹងមាំនៅក្នុងសប្តាហ៍ខាងមុខនេះ។

មេដឹកនាំពិភពលោក និងក្រុមអ្នកនយោបាយអាមេរិក បានថ្កោលទោសការបាញ់ប្រហារនេះ ខណៈដែលនាយកប្រតិបត្តិឧស្សាហកម្មខ្លះ ក្នុងនោះមានទាំងប្រធានក្រុមហ៊ុន Tesla (TSLA.O) លោក Elon Musk និងមហាសេដ្ឋីអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ លោក Bill Ackman ផងដែរ បានប្រកាសថា ពួកគេគាំទ្រលោក Trump ជាប្រធានាធិបតីថ្មី។

ចាប់តាំងមានពីការជជែកដេញដោលគ្នាតាមទូរទស្សន៍ដ៏រង្គោះរង្គើប្រឆាំងនឹងលោក Trump កាលពីពីរសប្តាហ៍មុន លោក Biden ក៏បែរប្រឈមមុខនឹងការសង្ស័យកាន់តែខ្លាំងឡើងពីម្ចាស់ជំនួយ ក្រុមអ្នកគាំទ្រ និងសហជីវិនគណបក្សប្រជាធិបតេយ្យចំពោះសមត្ថភាពរបស់គាត់ ក្នុងការផ្តួលលោក Trump និងបន្តរក្សាអត្រាតម្រូវការការងារ។

បញ្ហាអន្តោប្រវេសន៍ និងបញ្ហាសេដ្ឋកិច្ច គឺជាបញ្ហាចម្បងសម្រាប់ក្រុមអ្នកបោះឆ្នោតអាមេរិកគិតគូរពិចារណា ហើយយោងទៅតាមការស្ទង់មតិរបស់ Reuters/Ipsos ពួកគេមើលឃើញថា លោក Trump គឺជាបេក្ខជនដ៏ប្រសើរ សម្រាប់សេដ្ឋកិច្ច ទោះបីជាសេតវិមានដែលលោក Biden កំពុងគ្រប់គ្រង ព្យាយាមអះអាងពីអត្ថប្រយោជន៍នៃសេដ្ឋកិច្ចរឹងមាំ ដែលពួកគាត់បានធ្វើ ជាមួយនឹងអតិផរណា និងភាពអត់ការងារទាបក៏ដោយ។

ក្រុមអ្នកវិភាគទីផ្សាររំពឹងថា នៅក្រោមការដឹកនាំរបស់លោក Trump នឹងមានគោលនយោបាយពាណិជ្ជកម្មកាន់តែស្មុគស្មាញ បទប្បញ្ញត្តិតិចតួច និង ច្បាប់ស្តពីការប្រែប្រួលអាកាសធាតុកាន់តែធូររលុង។

ក្រុមអ្នកវិនិយោ ក៏រំពឹងថា នឹងមានការបន្តការកាត់បន្ថយពន្ធសាជីវកម្ម និងការកាត់បន្ថយពន្ធបុគ្គល ដែលនឹងអស់សុពលភាពនៅឆ្នាំក្រោយ ដែលជំរុញឱ្យមានក្តីបារម្ភច្រើនអំពីការកើនឡើង នៃឱនភាពថវិកាក្រោមរដ្ឋបាលលោក Trump ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែកុម្ភៈថា លោកនឹងមិនតែងតាំងប្រមុខរតនាគារសហព័ន្ធ លោក Jerome Powell ដែលអាណត្តិ ៤ឆ្នាំ របស់គាត់ ជាប្រមុខ នឹងផុតកំណត់នៅឆ្នាំ ២០២៦ ទៀតទេ។ ផលចំណេញរតនាគារ បាននឹងកំពុងកើនឡើង ស្របពេលជាមួយគ្នានឹងក្តីសង្ឃឹមថានឹងមានរដ្ឋបាលលោក Trumpទីពីរ។លោក Nick Ferres ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនយុទ្ធសាស្ត្រវិនិយោគ Vantage Point Asset Management បាននិយាយថា “លោកTrump គឺកាន់តែ “ជាអ្នកគាំទ្រទីផ្សារ” ។ បញ្ហាសំខាន់ដែលទន្ទឹងរង់ចាំ គឺថាតើមានទៀតដែរឬទេ គោលនយោបាយសារពើពន្ធនៅតែធូររលុងដោយគ្មានទំនួលខុសត្រូវ និងការជាប់ពាក់ព័ន្ធ ដែលអាចមានចំពោះអតិផរណាជាថ្មី និងអត្រាការប្រាក់លើផ្លូវអនាគតនោះ?”។

តម្លៃភាគហ៊ុន បាននិងកំពុងកើនឡើង។ ទាំងសន្ទស្សន៍ SPX និង សតញទស្សន៍ DJI បានកើនឡើងខ្ពស់បំផុត កាលពីថ្ងៃសុក្រ ហើយសន្ទស្សន៍ SPX កើនឡើង ១៨% នៅឆ្នាំនេះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានសរសេរថា៖ “ការបោះឆ្នោតប្រធានាធិបតីប្រមាណ៥រូប ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ទំនុកចិត្តរបស់នាយកប្រតិបត្តិ អារម្មណ៍អតិថិជន និងជាពិសេសសុទិដ្ឋិនិយមអាជីវកម្មខ្នាតតូច បានផ្លាស់ប្តូរដោយឆ្លើយតបដោយការពេញចិត្តចំពោះជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ ជាជាងជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ” ។

ក្រុមអ្នកវិភាគដដែលនេះ បានបន្តថា៖ “ចំពោះវិសាលភាពមនោសញ្ចេតនាដែលបានប្រសើរឡើង កំពុងជួយឲ្យមានការកើនឡើង ក្នុងការចំណាយ និងការវិនិយោគ, ដែលជ័យជម្នះរបស់ Trump អាចបង្កើនទស្សនវិស័យប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន១ចំនួន ថ្វីបើមិនមានការផ្លាស់ប្តូរគោលនយោបាយអ្វីជាដុំកំភួនក៏ដោយ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព