ការឈឺចាប់ជំរុញឱ្យលោកមកចូលរួមជាមួយតុលាការដើម្បីបង្ហាញភត្តុតាងកាត់ក្តីមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តទៅយ៉ាងសកម្ម ហើយសៀវភៅរបស់លោក ពិនយ៉ាថៃ ដែលបោះពុម្ពផ្សាយជាខេមរៈភាសា ចំនួនបីលើក សរុបបាន ១០២០០ ក្បាលនោះ នឹងលាតត្រដាងយ៉ាងលំអិត នូវឧក្រិដ្ឋកម្មនៃអង្គការបដិវត្តន៍មកលើប្រជាជាតិ និងប្រជាជនខ្មែរយើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុន្តែកម្រងអនុស្សាវរីយ៍ដំបូងបង្អស់គឺ Stay Alive, My Son និពន្ធដោយវិស្វករខ្មែរពិន យ៉ាថា ។ ក្រៅពីទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកចំពោះសោកនាដកម្មដែលប្រជាជាតិរបស់គាត់រងទុក្ខនោះ មានហេតុផលដ៏គួរឱ្យសោកសៅមួយទៀតសម្រាប់ការសរសេរសៀវភៅនេះ៖ យ៉ាថៃសង្ឃឹមថា នឹងស្វែងរកកូនប្រុសដែលបាត់របស់គាត់។
រឿង«ជីវិតកូនថ្លៃកូនត្រូវតែរស់» បានបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៧៨ នៅប្រទេសអង់គ្លេសនិងនៅសហរដ្ឋអាមេរិច ហើយបានទទួលការវិនិច្ឆ័យល្អជាច្រើនណាស់អំពីអ្នកអាន។ រឿងនេះមានលក្ខណៈជាការនិទានច្រើនជាង ការបង្ហាញភស្តុតាង ដោយគេរៀបរាប់លំអិតនូវចរិត សន្តានចិត្តមនោសញ្ចេតនារបស់មនុស្សម្នាក់ៗក្នុងសោកនាដកម្មផ្ទាល់ៗខ្លួន ព្រមទាំងលក្ខណៈអមនុស្សធម៌នៃរបបខ្មែរក្រហមផង។ សំណៅចាស់នៃ សៀវភៅនេះ បានត្រូវបោះពុម្ពជាថ្មី ដោយអ្នកនិពន្ធ បានបន្ថែមនូវចំណុចខ្លះ ថែមទៀត ដើម្បីតំរូវតាមបច្ចុប្បន្នភាព ប៉ុន្តែជំរៅសាច់រឿង ដែលអ្នកនិពន្ធបានបង្ហាញ តាមរយៈខ្សែជីវិតខ្លួនក្នុងរឿងទាំងពីរនេះគឺសភាពសាហាវយង់ឃ្នង និងការភ័យរន្ធត់គ្រប់ពេលវេលានៃដង្ហើមចេញចូលរបស់អ្នកទេសខ្មែរក្រហម។
ទឹកនេត្រាលោក ពិន យ៉ាថៃ បានបង្ហូរចេញមកគឺនៅខែ មេសា ១៩៧៥ យ៉ាថៃ ដែលមានសមាជិកក្រុមគ្រួសារចំនួន១៨នាក់ មនុស្សចាស់ជរា បីនាក់ មនុស្សធំប្រាំបីនាក់និងក្មេងប្រាំពីរនាក់ ត្រូវគេបង្ខំឱ្យចេញពីក្រុងភ្នំពេញជាមួយប្រជាជនទាំងអស់ ចំនួនប្រហែលពីរលាននាក់ ដើម្បីទៅកាន់តំបន់នៃជីវភាពថ្មី ក្នុងឋានៈជាកម្មករកសិកម្មអត់ប្រាក់បំណាច់។ ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេស ជាចំណុចគន្លឹះធំមួយ ក្នុងនយោបាយខ្មែរក្រហម។ មេដឹកនាំពួកនេះ បានអួតខ្លាំងណាស់ថា«ការជម្លៀសប្រជាជនហ្នឹង ជាព្រឹត្តិការណ៍លើកទីមួយ ពុំដែលកើតមានក្នុងប្រវត្តិបដិវត្តន៍ក្នុងលោកនេះទេ»។
ជាការពិតមែន ក្នុងរយៈពេលពីរឆ្នាំបន្ទាប់មកកម្ពុជាបានក្លាយជា ស្រែគុកមួយ ដ៏ធំធេង។ ក្រុមគ្រួសារ ពិន យ៉ាថៃ បានខិតខំនៅរស់ជួបជុំគ្នាជានិច្ច ក្នុងការផ្លាស់ប្តូរទីកន្លែងពីភូមិមួយ ទៅភូមិមួយទៀត រហូតធ្លាក់ដល់តំបន់ព្រៃភ្នំ ក្នុងផ្នែកពាយ័ព្យនៃខេត្តពោធិ៍សាត់ ដែលជាកន្លែងចាញ់បំផុត និងនៅក្រោមការត្រួតត្រា នៃពួកកម្មាភិបាលខ្មែរក្រហមដ៏មហាព្រៃផ្សៃ។ នៅទីនោះ គ្មាននរណាម្នាក់ក្នុងគ្រួសារពិន យ៉ាថៃ បានទទួលចំណី អាហារគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ គេត្រូវធ្វើការធ្ងន់ៗ ហើយត្រូវធ្លាក់ខ្លួនឈឺរីងរៃ គ្រប់គ្នាទាំងអស់។ នៅដើមឆ្នាំ ១៩៧៧ សមាជិកគ្រួសារហ្នឹង ភាគច្រើនត្រូវស្លាប់បង់ជីវិត យ៉ាងវេទនាបំផុត។ ក្នុងពេលនោះដែរ ពិន យ៉ាថៃ ត្រូវជាប់ចោទថា ជាអ្នកនាយទុននិយម នៅក្នុងអតីតកាល ដោយមានបុរសម្នាក់ ដែលធ្លាប់ស្គាល់គេ ពីជំនាន់មុន។ ដោយខ្លាចគេចាប់ខ្លួន យកទៅពិឃាដ ពិន យ៉ាថៃ បានសំរេចចិត្តរត់កាត់ព្រៃភ្នំ តម្រង់ទៅស្រុកថៃ ជាមួយភរិយា បន្ទាប់ពីបានបន្ទុកបណ្តាក់កូនអាយុ ៦ឆ្នាំ ឈ្មោះ ណាវ៉ាត់ ឱ្យស្ត្រីម្នាក់ជួយថែរក្សា។ ពិន យ៉ាថៃ បានរត់គេចខ្លួន មកដល់ស្រុកថៃ ប៉ុន្តែភរិយាបានបាត់ខ្លួន ក្នុងពេល មានភ្លើងឆេះឆាបក្នុងព្រៃ។ ហេតុដូចនេះ ក្នុងគ្រួសារធំនោះ គេនៅមានសមាជិតតែមួយទៀតដែលអាចនៅរស់គឺណាវ៉ាត់។
យ៉ាងណាមិញ នេះជាសេចក្តីសង្ឃឹមរបស់ ពិន យ៉ាថៃ គឺពីមួយឆ្នាំមុន(១៩៧៦) ឪពុក របស់គាត់ ដែលធ្លាក់ខ្លួនឈឺណាស់ខ្លាំងទៅហើយ ក៏បានខំផ្តាំជំរុញគាត់ថា”ជីវិតកូនថ្លៃ កូនត្រូវតែរស់តទៅទៀត”។ គឺពាក្យដដែលនេះហើយដែល ពិន យ៉ាថៃ បានផ្តាំទូន្មានណាវ៉ាត់ ជាកូនខ្លួនមុននឹងចេញធ្វើដំណើរដ៏ពិបាកវេទនាចេញពីស្រុក។ គឺឱកាសសំខាន់ទាំងពីរនេះហើយ ដែលបង្ហាញនូវ សោកនាដកម្មដ៏ជាក់ស្តែងរបស់មនុស្សនៅក្នុងសៀវភៅនេះ។ ចាប់ពីថ្ងៃនោះមក ពិន យ៉ាថៃ មិនដែលបានដំណឹងអី្វសូម្បីបន្តិចអំពី កូនប្រុស ណារ៉ាត់ទេ។ គេនៅតែមិនដឹងជានិច្ចថា តើ ណាវ៉ាត់នៅមានជីវិតរស់ ឬក៏ស្លាប់ទៅហើយ?