ដោយស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Shouwen ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងធានជីន, ក្រសួងពាណិជ្ជកម្ម ចិនបានរាយការណ៍ថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនសម្បើម គឺជាឱកាសមួយ, មិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកនោះទេ។
កិច្ចពិភាក្សា ដែលអនុរដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោកស្រី Marisa Lago ជាសហប្រធាន គឺជាលើកទី២ហើយ ក្នុងឆ្នាំនេះ ដែលមានការចូលរួមពីក្រុមមន្ត្រីទាំងពីរ និងកើតមានឡើង ចំពេលមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។
កាលពីដើមសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អាមេរិកគួរតែលើកលែងពន្ធគយទាំងអស់លើទំនិញចិន នៅមុនពេលការប្រកាសដោយរដ្ឋបាល លោកបៃដិន ស្តីពីការដំឡើងពន្ធដែលគេរំពឹងទុកក្នុងការហូតពន្ធទំនិញដែលផលិតនៅប្រទេសចិន ក្នុងនោះមានទាំងពន្ធរថយន្តអគ្គិសនីផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា “ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង” ស្តីពីគោលនយោបាយ និងបញ្ហាអាជីវកម្ម ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។
ក្រសួងនោះ បានបន្ថែមថា ប្រទេសចិន បានផ្តោតសំខាន់លើការសម្តែងក្តីបារម្ភអំពីបញ្ហាទាំងអស់ ក្នុងមានទាំងបញ្ហាពន្ធរបស់អាមេរិកលើទំនិញរបស់ចិន។ ប្រទេសចិន បានជំទាស់នឹងការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគ ក្រោមលេសថាលើសចំណុះ៕
យោងតាមសមាគមឧស្សាហកម្មបន្ទះឈីបពិភពលោក SEMI បានឱ្យដឹងថា ប្រទេសចិន នៅតែជាទីផ្សារដ៏ធំបំផុត និងរីកចម្រើនបំផុតរបស់ពិភពលោកសម្រាប់ឧបករណ៍ផលិត បន្ទះឈីប នៅក្នុងត្រីមាសទីពីរ ខណៈដែលប្រទេសនេះ ជំរុញឱ្យមានបច្ចេកវិទ្យាគ្រប់គ្រាន់ដោយខ្លួនឯង ចំពេលមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
នៅក្នុងត្រីមាសខែមិថុនានេះ ប្រទេសចិន បានទិញឧបករណ៍ផលិតបន្ទះឈីប ក្នុងនោះមានទាំងឧបករណ៍សម្រាប់ដំណើរការក្រេក (crack), ឧបកណ៍បង្គុំ, ឧបកណ៍វេចខ្ចប់, និងឧបកណ៍ធ្វើតេស្ត បានកើនឡើង ៦២%ពី១ឆ្នាំទៅ១ឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។
តម្រូវការឡើងខ្ពស់នៅក្នុងប្រទេសចិន បានជួយបង្កើនប្រាក់ចំណូលទូទាំងពិភពលោកពីឧបករណ៍ ពាក់កណ្តាលចម្លងកំដៅ ចំនួន ៤% ដល់ ២៦.៨ ពាន់លានដុល្លារ ថ្វីបើការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗ ក្នុងនោះមានទាំងកូរ៉េខាងត្បូង តៃវ៉ាន់ និងអាមេរិកខាងជើងក៏ដោយ។ ប្រទេសជប៉ុន ដែលជាប់ចំណាត់ថ្នាក់ជាទំហំទីផ្សារទី៥ បានកត់ត្រាការកើនឡើងនៃប្រាក់ចំណូល៦% ស្មើនឹង ១.៦ ពាន់លានដុល្លារ។
នាយកប្រតិបត្តិ និងជាប្រធាន SEMI លោក Ajit Manocha បាននិយាយថា៖ “ទីផ្សារឧបករណ៍ ពាក់្ណញតាលចម្លងកំដៅនេះ បានត្រលប់មកកាន់កំណើនវិញ ដោយសារការវិនិយោគជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់តម្រូវការដ៏រឹងមាំ សម្រាប់បច្ចេកវិទ្យាទំនើបៗ និងតំបន់ជាច្រើន ដែលកំពុងស្វែងរកការពង្រឹងប្រព័ន្ធអេកូផលិតបន្ទះឈីបរបស់ពួកគេ” ។
សន្ទុះនេះ គ្រោងនឹងបន្តនៅក្នុងពេលវេលាដែលសេសសល់នៃឆ្នាំនេះ និងឆ្នាំក្រោយ ដោយ SEMI ព្យាករថានឹងកើនឡើង ៣.៤% នៃការលក់ជាសាកលពេញ១ឆ្នាំ ២០២៤ ទៅដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ១០៩ពាន់លានដុល្លារអាមេរិក បន្ទាប់មកការពង្រីកដ៏ខ្លាំងក្លាប្រមាណា ១៧% ក្នុងឆ្នាំ ២០២៥ ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមនោះ ក្នុងខែកក្កដា ឱ្យដឹងថា SEMI រំពឹងថា ប្រទេសចិន នឹងរក្សាតំណែងកំពូលរហូតដល់ឆ្នាំ ២០២៥ ទោះបីជាប្រទេសនេះ អាចបញ្ជាក់ពីការទិញធ្លាក់ចុះ បន្ទាប់ពីការវិនិយោគសំខាន់ៗក្នុង ពេល៣ឆ្នាំកន្លងទៅក្តី។
តម្រូវការកំពុងកើនឡើងរបស់ប្រទេសចិន សម្រាប់ឧបករណ៍ផលិតបន្ទះឈីប ដែលដោយសារក្រុងប៉េកាំងជំរុញឲ្យមានការកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេសនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរ ដែលអាចរារាំងបន្ថែមទៀតដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន។
វ៉ាស៊ីនតោន បានចាប់ផ្តើមរាំងខ្ទប់ការដឹកជញ្ជូនពីក្រុមហ៊ុនបន្ទះឈីបយក្សហូឡង់ ASML ទៅកាន់ប្រទេសចិនក្នុងដើមឆ្នាំ ២០១៨ ហើយនៅក្នុងខែមករាឆ្នាំនេះ ប្រទេសហូឡង់ បានដកហូតអាជ្ញាប័ណ្ណនាំចេញដែលបានអនុញ្ញាតឱ្យ ASML ដឹកជញ្ជូនទៅកាន់ប្រទេសចិននូវម៉ាស៊ីន NXT: 2000i និងឧបករណ៍កម្រិតខ្ពស់ផ្សេងទៀត ដែលគាំទ្រការផលិត ដើម្បីដំណើរការ 7-nanometer និង 5-nm កម្រិតខ្ពស់។
យោងតាមរបាយការណ៍របស់ Bloomberg កាលពីខែមុន ឱ្យដឹងថា ក្រោមសម្ពាធរបស់អាមេរិក, រដ្ឋាភិបាលហូឡង់ បាននឹងកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើសមត្ថភាពរបស់ ASML ក្នុងការជួសជុល និងថែទាំឧបករណ៍បំពាក់ wafer fab កម្រិតខ្ពស់របស់ខ្លួនដែលបានដំឡើងរួចហើយនៅក្នុងប្រទេសចិន។
ចិនដីគោក នៅបន្តជាទីផ្សារធំបំផុតរបស់ ASML ។ ប្រទេសនេះ បានចំណាយប្រាក់ទិញពីក្រុមនេះ ចំនួនជិតពាក់កណ្តាលនៃប្រព័ន្ធលក់សុទ្ធរបស់ក្រុមហ៊ុន គឺ ៤.៨ ពាន់លានអឺរ៉ូ (៥.៣ ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទីពីរ៕
ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួននេះបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ទោះបីជាប្រទេសនេះទទួលបានកំណើនយឺតនិងទំនាក់ទំនងអន្តរជាតិស្ថិតក្នុងស្ថានភាពស្មុគស្មាញក៏ដោយ។
សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចទីពីរក្នុងពិភពលោក បានជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះដូចជាកំណើនយឺត ការកើនឡើងកម្រិតបំណុល និងទីផ្សារអចលនទ្រព្យនៅទ្រឹង បូករួមទាំងផលវិបាកដែលកើតឡើងពីជំងឺរាតត្បាត COVID-19 និងភាពប្រែប្រួលនៃតម្លៃទំនិញ បានធ្វើឱ្យសេដ្ឋកិច្ចមានភាពស្មុគស្មាញ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីៗនេះបានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសចិនដែលជាសញ្ញាបង្ហាញពីការព្រួយបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ចរបស់ចិន។
លោក Kristalina Georgieva នាយកគ្រប់គ្រង IMF បានកត់សម្គាល់ នៅក្នុងរបាយការណ៍ពីខែមេសា ឆ្នាំ ២០២៣ ថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ដោយសារតែកត្តារចនាសម្ព័ន្ធ និងកត្តាវដ្ត” ។ ប៉ុន្តែទោះ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះក៏ដោយក៏ទីផ្សារប្រទេស នៅតែមានភាពទាក់ទាញចំពោះពាណិជ្ជករនៅអាស៊ី ក៏ព្រោះតែប្រទេសចិនមានមូលដ្ឋានអ្នកប្រើប្រាស់ធំហើយរឹងមាំ។
ភាពតានតឹងពាណិជ្ជកម្ម ជាពិសេសជាមួយសហរដ្ឋអាមេរិកនិងសង្គ្រាមពន្ធដារដែលបានកើតឡើងក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ប្រធានាធិបតី Donald Trump នាំឱ្យមានការកើនឡើងនូវការចំណាយនិងភាពមិនច្បាស់លាស់សម្រាប់អាជីវកម្មដែលវិនិយោគនៅក្នុងប្រទេសចិន។ លោក Kenichiro Yoshida នាយកប្រតិបត្តិ ក្រុមហ៊ុន Sony បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយកាលពីខែធ្នូ ឆ្នាំ 2023 ថា “សង្រ្គាមពាណិជ្ជកម្មបានបង្កើតភាពមិនច្បាស់លាស់មួយសម្រាប់ប្រតិបត្តិការរបស់យើងប៉ុន្តែយើងនៅតែប្តេជ្ញាចិត្តចំពោះការវិនិយោគជាយុទ្ធសាស្រ្តរបស់យើងនៅក្នុងប្រទេសចិន”។
ពិតណាស់ថា ការដាក់តម្លៃពន្ធលើទំនិញរាប់ពាន់លានដុល្លារពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុនអាស៊ីដែលកំពុងមានវត្តមាននៅប្រទេសនេះ បានស្វះស្វែងរកមធ្យោបាយយុទ្ធសាស្រ្តផ្សេងៗដើម្បីឱ្យគេបន្តឈជើងនៅក្នុងប្រទេសចិនបាន។
មានកត្តាជាច្រើនពន្យល់ពីមូលហេតុដែលបណ្តាលឱ្យក្រុមហ៊ុនអាស៊ីនៅតែប្តេជ្ញាចិត្តឈជើងនៅប្រទេសចិន ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ។ ទីមួយនិងសំខាន់បំផុតគឺសក្តានុពលទីផ្សារ។ ចំនួនប្រជាជនដ៏ច្រើនមហិមារបស់ប្រទេសចិននិងការកើនឡើងនៃវណ្ណៈកណ្តាល បង្ហាញពីឱកាសដែលមិន អាចប្រៀបផ្ទឹមបានសម្រាប់អាជីវកម្មនៅគ្រប់វិស័យ។
លើសពីនេះហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងយុទ្ធសាស្ត្រដែលអភិវឌ្ឍយ៉ាងល្អរបស់ប្រទេសចិនធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ម្យ៉ាងគោលនយោបាយរបស់រដ្ឋាភិបាលចិន មានដូចជាការលើកទឹកចិត្តពន្ធនិងការឧបត្ថម្ភធន បានទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឱ្យរក្សាវត្តមានរបស់ពួកគេនៅក្នុងប្រទេស។ ក្នុងនោះដែរក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន ដូចជា Sony និង Panasonic បន្តវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសចិនដោយលើកឡើងពីសារៈសំខាន់នៃទីផ្សារសម្រាប់យុទ្ធសាស្ត្រសកលរបស់ពួកគេ។
លោក កាហ្សុអូ ហីរ៉ាអុី អតីតនាយកប្រតិបត្តិក្រុមហ៊ុន សូនី បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែតុលា ឆ្នាំ ២០២៣ ថា “ទីផ្សាររបស់ប្រទេសចិនមានសារៈសំខាន់សម្រាប់ការរីកចម្រើនរបស់យើងហើយយើងមើលឃើញថាវាជាដៃគូរយៈពេលវែង” ។
ក្រុមហ៊ុនសុាំស៊ុងរបស់កូរ៉េខាងត្បូង និងហ្វក់ខន របស់តៃវ៉ាន់ ក៏មានប្រតិបត្តិការសំខាន់ៗនៅក្នុងប្រទេសចិនដែរ ដោយប្រើប្រាស់កម្លាំងពលកម្មជំនាញរបស់ប្រទេសចិនដែលមានសមត្ថភាពផលិត។ ក្រុមហ៊ុនសុាំស៊ុង បានវិនិយោគលើរោងចក្រផលិតឧបករណ៍អេឡិចត្រូនិកនិងបន្ទះអេក្រង់នៅក្នុងប្រទេសចិន ដើម្បីប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ឱ្យទីផ្សារពិភពលោក។
លោក គឹម គីណាម អនុប្រធានក្រុមហ៊ុនសុាំស៊ុងអេឡិចត្រូនិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាកពីខែកុម្ភៈ ឆ្នាំ ២០២៣ ថា “ប្រទេសចិននៅតែជាទីតាំងយុទ្ធសាស្រ្តសម្រាប់ផលិតកម្មនិងសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍរបស់យើងដដែល”។
វិស័យផលិតកម្មដែលគ្របដណ្តប់លើឧស្សាហកម្មចាប់ពីរថយន្តរហូតដល់វាយនភណ្ឌ នៅតែមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន។ ក្រុមហ៊ុន Li & Fung របស់ហុងកុងដែលជាអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់បន្តបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនក្នុងប្រទេសចិនដើម្បីផ្គត់ផ្គង់ឱ្យអ្នកលក់រាយទូទាំងពិភពលោក។ លោក Spencer Fung នាយកប្រតិបត្តិក្រុមហ៊ុន Li & Fung បាននិយាយនៅក្នុងសន្និសិទមួយពីខែមីនា ឆ្នាំ ២០២៣ ថា “ប្រព័ន្ធអេកូឡូស៊ីផលិតកម្មរបស់ ប្រទេសចិនគឺមានប្រសិទ្ធិភាពខ្ពស់មិនអាចប្រៀបផ្ទឹមបាន ហើយយើងបន្តទទួលបាន អត្ថប្រយោជន៍ពីប្រសិទ្ធភាពរបស់វា” ។
វិស័យសេវាកម្មហិរញ្ញវត្ថុក៏ឃើញមានការវិនិយោគយ៉ាងច្រើនផងដែរ ដោយក្រុមហ៊ុនដូចជាធនាគារ DBS របស់សិង្ហបុរី បានពង្រីកទីតាំងរបស់ពួកគេនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន។ លោក Piyush Gupta នាយកប្រតិបត្តិនៃធនាគារ DBS Bank បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែមករា ឆ្នាំ ២០២៤ ថា “ប្រទេសចិនគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តសកលរបស់យើង ហើយយើងប្តេជ្ញាពង្រីក សេវាកម្មរបស់យើងនៅទីនេះ” ។
ធនាគារ HSBC របស់ហុងកុងក៏បានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់ខ្លួននៅទីផ្សារប្រទេសចិនជាមួយនឹងការវិនិយោគសំខាន់ៗនៅទាំងការគ្រប់គ្រងទ្រព្យសម្បត្តិ និងវិស័យធានារ៉ាប់រងនៅក្នុងប្រទេសចិន។ លោក Noel Quinn នាយកប្រតិបត្តិនៃ HSBC បានកត់សម្គាល់ថា “យើងឃើញឱកាសរីកចម្រើនយ៉ាងសម្បើមនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន”។ ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងភាពមិនប្រាកដប្រជាក្នុងសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ក្រុមហ៊ុនដែលកំពុងរកស៊ីក្នុងប្រទេសចិនកំពុងអនុវត្តនូវយុទ្ធសាស្រ្តផ្សេងៗរៀងៗខ្លួន។
ក្រុមហ៊ុនក៏កំពុងបង្កើនការយកចិត្តទុកដាក់របស់ពួកគេលើការច្នៃប្រឌិតនិងនវានុវត្តលើប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយការចំណាយ។ ក្រុមហ៊ុន Hyundai របសកូរ៉េខាងត្បូងបានបង្កើនការវិនិយោគរបស់ខ្លួនលើការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ស្របតាមតម្រូវការទីផ្សារនិងនិន្នាការបទប្បញ្ញត្តិ។ លោក Euisun Chung ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyundai Motor Group បានកត់សម្គាល់នៅក្នុងសុន្ទរកថាពីខែធ្នូ ឆ្នាំ ២០២៣ ថា “ការច្នៃប្រឌិតនិងការសម្របខ្លួនគឺជាគន្លឹះក្នុងការទប់ទល់នឹងទិដ្ឋភាពសេដ្ឋកិច្ចដ៏ស្មុគស្មាញនៅក្នុងប្រទេសចិន” ។
ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាស៊ីចំពោះប្រទេសចិនត្រូវបានគេរំពឹងថានឹងបន្ត ហើយការផ្លាស់ប្តូរសក្តានុពលនៅក្នុងគោលនយោបាយពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់លោក Biden អាចនឹងបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្នមួយចំនួនខណៈដែលកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនអាចដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលកំពុងមាន។ ការព្យាករណ៍ រយៈពេលវែងនៅតែមានសុទិដ្ឋិនិយម ដោយប្រទេសចិនបានព្យាករណ៍ថានឹងបន្តដើរតួនាទីកណ្តាលនៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោក Terry Gou ស្ថាបនិកក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីខែមីនា ឆ្នាំ ២០២៣ ថា “យើងជឿជាក់លើសក្តានុពលរបស់ប្រទេសចិន ហើយត្រៀមខ្លួនក្នុងការវិនិយោគសម្រាប់រយៈពេលវែង” ៕